www.khmerpostnews.com.kh / សហគ្រាស ខ្មែរ ប៉ុស្តិ៍ ញូសិ៍ មានទទួលសេវាកម្ម ដឹកភ្ញៀវទេសចរណ៍គ្រប់២៥ខេត្តក្រុង / ទំនាក់ទំនង / Tele: 0966666646....

Breaking

Tuesday, November 11, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាមទារការចូលរួមពីមនុស្សគ្រប់គ្នា

(ភ្នំពេញ)៖ ក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលា ស្តីពី «យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាជួញដូរមនុស្ស»។ សិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្ត្រីរាជការតាមមន្ទីរវប្បធម៌ក្រោមឱវាទក្រសួងវប្បធម៌ ឲ្យយល់ដឹងពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងបង្កើតជាស្នាដៃថ្មីៗលើផ្នែកសិល្បៈ ដើម្បីជួយផ្សព្វផ្សាយក្នុងការលុបបំបាត់ការជួញដូរមនុស្សគ្រប់រូបភាព រួមចំណែកក្នុងការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម។

សិក្ខាសាលានេះដែរក៏ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំក្រសួង ដោយមានការចូលរួមពីសិក្ខាកាមសរុប ១៣០នាក់។

នាឱកាសនោះ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំក្រសួង បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនមែនជាការងារដែលអាចលុបបំបាត់ទាំងស្រុងបានដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សម្នាក់ឯងនោះទេ គឺទាមទារការចូលរួមពីសំណាក់លោក លោកស្រី និស្សិត និងប្រជាពលរដ្ឋទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបអាចសម្រេចការងារនេះបាន។

បើតាមលោក ឯក ប៊ុនថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជារៀងរាល់ឆ្នាំ ព្រមទាំងបានលើកជាផែនការសកម្មភាពប្រចាំឆ្នាំក្នុងការរៀបចំសិក្ខាសាលាបែបនេះ ក៏ដូចជាសកម្មភាពផ្សេងៗទៀតដើម្បីរួមចំណែកបញ្ជ្រាបការយល់ដឹងស្តីពីការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃអំពើជួញដូរមនុស្សជូនដល់មន្រ្តីរាជការក្រសួង សិល្បករសិល្បការិនី សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅផងដែរ។

ជាមួយគ្នានេះ លោកស្រី ឡងឌី សាន់ណារ៉ា បានថ្លែងថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន។ អំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិតស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្ត សង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តនៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមាន ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages